ចំណាប់អារម្មណ៍ចំពោះទស្សនាវដ្តី៖
ក្រលេកមើលកម្ពុជា ២០១៣
(Take a Look Cambodia 2013)
ដោយ ស៊ឹម យុទ្ធី
និង ម៉ិច សេរីរត្ត័
ទស្សនាវដ្តីមួយភាគច្រើននៅប្រទេសកម្ពុជាច្រើនផ្តោតសំខាន់ទៅលើការកម្សាន្ត
និងពាក្យចចាមរាមពីតារានេះ តារានោះ។
ផ្ទុយមកវិញ «ក្រឡេកមើលកម្ពុជា» គឺជាទស្សនាវដ្តីមួយក្បាលដែលមានកម្រាស់ស្តើងល្មម
ប៉ុន្តែវាបានប្រមូលផ្តុំនូវទឹកដៃរបស់ក្រុមអ្នកសារពត៌មានវ័យក្មេងមួយក្រុម
ទាក់ទងនឹង នយោបាយ សេដ្ឋកិច្ច អប់រំ វិទ្យាសាស្ត្រ
បច្ចេកវិទ្យា សិល្បៈ និងបែបផែនជីវិតនានាដែលកើតមានខណៈដែលកម្ពុជាកំពុងអភិវឌ្ឍន៍គ្រប់វិស័យ។
ក្រុមអ្នកសារពត៌មានវ័យក្មេងទាំងនោះ
គឺជានិស្សិតជំនាន់ទី១១នៃដេប៉ាតម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ យ៉ាងណាមិញ
បន្ទាប់ពីការបង្ហាញខ្លួនឡើងនៃទស្សនាវដ្តី «ក្រលេកមើលកម្ពុជា» បានទាក់ទាញចំណាប់អារម្មណ៍សិស្ស
និស្សិត សាស្ត្រាចារ្យ និងបណ្តាមន្ត្រីរាជការមកពីស្ថាប័នផ្សេងៗឲងាកមកមើលដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសិស្សនិស្សិត
ក៏ដូចជាស្ថាប័នរបស់យើងផងដែរ។
“ចំនុចពិសេសរបស់ទស្សនាវដ្តីនេះ បានឆ្លុះបញ្ចាំងពីទិដ្ឋភាពទាំងអស់ក្នុងសង្គម
ហើយទស្សនាវដ្តីនេះកើតចេញពីការយល់ឃើញរបស់និស្សិត ជាជាងការយល់ឃើញរបស់អ្នកការសែត
ឫក៏អ្នកស្រាវជ្រាវដទៃទៀត” នេះបើតាមប្រសាសន៍លោក
សោម រតនា នាយកនៃដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍ ក្នុងកិច្ចសំភាសន៍វិទ្យុអន្តរជាតិបារាំង
(RFI)។
លោក សោម រតនា ក៏បានបញ្ជាក់ប្រាប់ផងដែរថា
ការផលិតឡើងនូវទស្សនាវដ្តី “ក្រលេកមើលកម្ពុជា” គឺពោរពេញទៅដោយអត្ថន័យយ៉ាងពេញលេញ
ហើយវាក៏ទទួលបានការកោតសរសើរយ៉ាងច្រើន ហើយការសរសើរទាំងនោះ មិនមែនចេះតែសរសើរនោះទេ។
បើសិនយើងពិនិត្យមើលទៅលើការជ្រើសរើស មុំរបស់រឿង ទាំងពីការសរសេ អត្ថន័យនៃរឿង
គឺវាសុទ្ធតែមានន័យ ហើយវាផ្ដល់ចំនេះដឹងថ្មីៗ ទៅឲ្យយុវជនដទៃទៀត។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ “អ្វីដែលបានសម្រេចដោយសិស្សជំនាន់ទី១១
DMC នេះគឺមានសារៈសំខាន់ ដោយបង្ហាញយ៉ាងជាក់លាក់
នូវសមត្ថភាព ហើយនិងវិជ្ជាជីវៈ ក៏ដូចជាគំនិតឆ្នៃប្រឌិតរបស់យុវជនជំនាន់ទី១១
ក្រោមស្មារតីតែមួយនេះ ដែលអាចផលិតបាននូវទស្សនាវដ្តីឆ្នាំនេះ។”
លោក ស ច័ន្ទដារ៉ា
ការីនិពន្ធទស្សនាវដ្ដី(Lift)
ដែលបានចូលរួមពិធីដាក់បង្ហាញទស្សនាវដ្តី “ក្រលេកមើលកម្ពុជា” បានប្រាប់ឲ្យដឹងផងដែរថា៖ “ខ្ញុំគិតថា វាជារឿងល្អ
ដោយទស្សនាវដ្តីមួយនេះគួរឲចាប់អារម្មណ៏មែនទែន រូបភាពក៏ល្អ អត្ថន័យក៏ល្អ
ដែលយើងជានិស្សិត គួរយកគំរូតាមហើយមានមោទនភាព ចំពោះខ្លួនឯងសម្រាប់អ្នកផលិត។”
មិនត្រឹមតែក្រុមយុវជន
និងទស្សនិកជនដែលមកពីស្ថាប័នផ្សេងៗមានកោតសរសើរចំពោះទស្សនាវដ្តីមួយក្បាលនេះនោះទេ។
តំណាងអង្គការ ខានរ៉ាដ(Konrad) ប្រចាំនូវកម្ពុជា
ដែលបានឧបត្ថម្ភដល់ដំណើរការសិក្សានៅដេប៉ាត់ម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
ព្រមទាំងការបោះពុម្ភផ្សាយនូវទស្សនាវដ្តីមួយក្បាលនេះ លោក ដេនីស ស្គ្រី (Denis
Schrey) បាននិយាយថា៖ ”វាពិតជាផលិផលមួយយ៉ាងល្អ
វាបានផ្តល់នូវពត៏មានដែលមកពីប្រភពផ្សេងៗ ក្នុងសង្គមកម្ពុជា រួមមានទាំង បញ្ហានយោបាយ
សង្គម និង សេដ្ឋកិច្ច។”
លោកបាបន្ថែមទៀតថា
“វាបង្ហាញប្រាប់យើងនូវ ភាពខុសៗគ្នានូវពត៌មានកម្ពុជា
ហើយការប្រើប្រាស់ទស្សនៈ។ ខ្ញុំពិតជាមានមោទនាភាពណាស់ ដែល DMC អាចបង្កើននូវផលិផលដូចនេះ។
ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងនិយាយអំពីបញ្ហានយោបាយច្រើនជាងនេះនាថ្ងៃអនាគត។”
គួរបញ្ជាក់ផងដែរថា ទស្សនាវដ្តីនេះទើបតែធ្វើការម្ពោធឡើង
កាលពីថ្ងៃ សៅរ៍ ទី ៨ ខែកុម្ភះ កន្លង នៅឯដេប៉ាត់ម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
តែប៉ុណ្ណោះ។ ក្រៅពីទស្សនាវដ្តី «ក្រលេកមើលកម្ពុជា» នេះ ដេប៉ាត់ម៉ងប្រព័ន្ធផ្សព្វផ្សាយ
និងសារគមនាគមន៍ ក៏បានផលិតបាននូវទស្សនាវដ្តី៣ផ្សេងទៀត រួមមាន «កុន» «តន្ត្រី» និង«ស្ថាបត្យកម្ម»៕