សរសេរដោយ៖ ស៊ឹម យុទ្ធី និង ម៉ៅ មង្គលរង្សី
ស្ថិតក្នុងសំលៀកបំពាក់ចម្រុះពណ៌អង្គុយលើកង់ឫស៊ីក្លូរង់ចាំតំរៀបគ្នាជាជួរក្រុមយុវជនយុវនារី និងមនុស្សវ័យចំណាស់ ដែលមកពីស្ថាប័នផ្សេងៗកំពុងត្រៀមចេញដំណើរជិះកង់កំសាន្តជាក្បួននៅក្នុងទីក្រុងភ្នំពេញ ដើម្បីជួយលើកតំកើងបរិស្ថានបៃតង ។
ការជិះកង់និងស៊ីក្លូកំសាន្តនេះប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី០៤ខែឧសភា ដែលជាការរៀបចំដោយប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា សហការជាមួយសមាគមន៍យុវជនកម្ពុជា និងសាលារាជធានីភ្នំពេញ។
បើតាមការឲ្យដឹងពីលោក អ៊ុង ង៉ែត មន្ត្រីសមាគមយុវជនខ្មែរការជិះកង់និងស៊ីក្លូជាក្បួនគឺផ្តើម ចេញដំណើរពីពហុកីឡាដ្ឋានជាតិអូឡំាពិក នៅវេលាម៉ោង៧ព្រឹក ដោយឆ្លងកាត់ការិយាល័យសហភាពអឺរ៉ុបរួមមាន ស្ថានទូតអាល្លឺម៉ង់ ស៊ុយអែត ប៊ុលហ្គារី សាធារណរដ្ឋឆេក អង់គ្លេស បារាំង និងប្រតិភូសហភាពអឺរ៉ុប ហើយទៅកាន់សាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅចន្លោះម៉ោង ១០:០០នាទីព្រឹកដោយមានការនាំផ្លូវពីមន្ត្រីនគរបាលរាជធានីភ្នំពេញ ។
លោក ឈាន វិរិទ្ធ អ្នកសម្របសម្រួលកម្មវិធីនេះបានអោយដឹងថា៖ “អ្នកចូលរួមកម្មវិធីក្នុងការជិះកង់ឆ្នាំនេះមានប្រមាណជាង២០០០នាក់ ហើយការបង្កើតកម្មវិធីនេះឡើង គឺមានទិសដៅចំនួនបី៖ដើម្បីរំលឹកទិវាសម្ព័ន្ធសហភាពអឺរ៉ុបនៅថ្ងៃទី០៩ខែឧសភានេះ លើកកម្ពស់ការចូលរួមរបស់យុវជនតាមរយៈការជិះកង់និងលើកកំពស់ការថែរក្សាបរស្ថាន ។
នេះគឺជាព្រឹត្តិការណ៍មួយសំរាប់ឲ្យយុវជន ក៏ដូចជាប្រជាជនទាំងអស់គ្នាចូលរួមក្នុងការផ្សព្វផ្សាយពីផលប្រយោជន៍នៃការជិះកង់ លើកកម្ពស់ដល់បរិស្ថាន ព្រមទាំងជាឱកាសរបស់ពួកគេក្នុងការប្រាស្រ័យទាក់ទងគ្នាដើម្បីបង្កើនចំណងមិត្តភាពផងដែរ។
យុវជន ភឹម សុភ័ក្ត្រា ជាសិស្សថ្នាក់ទី១២នៅវិទ្យាល័យទួលទំពូងបានអោយដឹងថា៖ “ខ្ញុំទើបតែបានចូលរួមកម្មវីធីនេះជាលើកទីមួយទេប៉ុន្តែខ្ញុំគិតថាការជិះកង់ជាសកម្មភាពមួយដ៏ល្អក្នុងការជួយថែរក្សាបរិស្ថាន ដោយមិនបាច់ចំនាយលុយច្រើនក្នុងការចាក់សំាងមិនតែប៉ុណ្ណោះការជិះកង់ ក៏អាចជាឱកាសមួយដ៏ល្អមួយក្នុងការជួបជុំគ្នាជាមួយនឹងមនុស្សម្នាដែលយើងមិនធ្លាប់ស្គាល់ពីមុនមក ជាពិសេសធ្វើឲ្យយើងចេះបង្កើតមិត្តភាព។”
បើតាមការសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តការជិះកង់គឺមិនត្រឹមតែជួយថែរក្សាបរិស្ថានរបស់យើងឲ្យបានល្អនោះទេហើយវាថែមទាំងជួយដល់សុខភាព និងកាយសម្បទារបស់យើងឲ្យឹងមាំផងដែរ។
កញ្ញា នូ សេរីវឌ្ឍនា សព្វថ្ងៃជានិស្សិតឆ្នំាទី២នៅវីទ្យាស្ថានភាសាបរទេសបានបន្ថែមអោយដឹងថា៖ “ខ្ញុំគិតថាប្រសិនបើយើងធ្វើដំណើរផ្លូវជិតៗនៅក្នុងរក្រុងយើងគួរតែនាំគ្នាជិះទៅ ព្រោះវាប្រហែលជាអាចជួយថែរក្សាបរិស្ថាននិងកាត់បន្ថយការស្ទះចរាចរណ៍បានច្រើនហើយក៏អាចជួយដល់សុខភាពយើងផងដែរ ។ ខ្ញុំចូលចិត្តកម្មវិធីនេះ ហើយខ្ញុំសង្ឃឹមវានឹងមាននៅឆ្នាំក្រោយទៀត ហើយខ្ញុំរីករាយនឹងចូលរួម។”
មនុស្សម្នាជាច្រើនដែលបានចូលរូមក្នុងកម្មវិធីនេះមានការចាប់អារម្មណ៍ទៅលើការជិះកង់នេះ សូម្បីតែជនជាតិបរទេសក៏ចង់ឲ្យធ្វើកម្មវិធីនេះជារៀងរាល់ឆ្នំាដែរ ដើម្បីអោយពួកគេបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីបរិស្ថានបៃតង។
លោក Atif Rahim ជាជនជាតិប៉ាគីស្ថាននិងជាសិស្សថ្នាក់ទី១០នៅសាលានហ្វប្រ៊ីដ (NorthBridgeSchool) បានអោយដឹងថា៖ “ទោះបីជាខ្ញុំមានការអស់កំលំាងក្នុងការជិះកង់យ៉ាងណាក្តីប៉ុន្តែខ្ញុំគិតថាវាជាកម្មវិធីមួយដែលគួរឲ្យចាប់អារម្មណ៍ ហើយខ្ញុំរំពឹងទុកថាកម្មវិធីនេះនឹងកើតមានជាថ្មីម្តងទៀតនៅឆ្នាំក្រោយ ជាមួយនឹងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងរៀបចំឲ្យបានល្អជាងនេះទៅទៀត។”
លោកស្រី ពូន ប៉ុក ជាមន្រ្តីសារពត៌មាននិងទំនាក់ទំនងរបស់ប្រតិភូសហភាពអឺរ៉ុបបានឲ្យដឹងថា៖ “នេះជាឡើកទីពីរហើយក្នុងការរៀបចំកម្មវិធីដំណើរជិះកង់កំសាន្តជាមួយនឹងសហភាពអឺរ៉ុបនៅប្រទេសកម្ពុជា យើងសង្កេតឃើញថាកម្មវិធីជិះកង់កាន់តែមានការគាំទ្រច្រើនពីសំណាក់ប្រជាជនកម្ពុជាបើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ដែលមានអ្នកចូលរួមចំនួនតែ៦០០នាក់ប៉ុណ្ណោះ។”
នៅក្នុងកម្មវិធីនេះក្រៅពីការជិះកង់ក៏មានកម្មវិធីឆ្លើយសំនួរចម្លើយដើម្បីយករង្វាន់ផងដែរ ដែលធ្វើឡើងនៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕